ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

មោទនភាពជាតិ៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report វាយតម្លៃ និងចាត់ថ្នាក់ជា «ប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាសដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពល្អបំផុតលេខ១ លើពិភពលោក» សម្រាប់ឆ្នាំ២០២៦ នេះ។

លំដាប់ថ្នាក់សកល និងក្នុងតំបន់អាស៊ាន
យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានផ្អែកលើទិន្នន័យ SEA Infographics បានបង្ហាញពីចំណាត់ថ្នាក់ឈានមុខរបស់កម្ពុជាដូចតទៅ៖-

-កម្រិតសកល៖ កម្ពុជាបានឈរនៅលំដាប់ថ្នាក់លេខ ១ លើពិភពលោក ដោយនាំមុខប្រទេសស្លូវេនី (ឈរលេខ ២) និងប្រទេសប៉ារ៉ាហ្គាយ (ឈរលេខ ៣)។

-កម្រិតតំបន់អាស៊ីអាគ្នេយ៍៖ កម្ពុជាបានគ្រប់គ្រងតំណែងលេខ ១ ដាច់ តាមពីក្រោយដោយប្រទេសឡាវ (លេខ ២) និងប្រទេសមីយ៉ាន់ម៉ា (លេខ ៣)។
សូចនាករគន្លឹះដែលធ្វើឱ្យកម្ពុជាទទួលបានពិន្ទុខ្ពស់បំផុត

ការទទួលបានចំណាត់ថ្នាក់កំពូលជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវាយតម្លៃយ៉ាងហ្មត់ចត់ពីស្ថាប័ន U.S. News & World Report ទៅលើសូចនាករសំខាន់ៗមួយចំនួន រួមមាន៖

-ការការពារតំបន់ធម្មជាតិ៖ កម្ពុជាមានផ្ទៃដីអភិរក្ស និងតំបន់ការពារធម្មជាតិរហូតដល់ប្រមាណ ៤១% នៃផ្ទៃដីប្រទេស ដែលជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ និងការពារជីវៈចម្រុះបានយ៉ាងល្អប្រសើរ។

-ការកាត់បន្ថយឧស្ម័នពុល៖ ការបញ្ចេញកាបូនក្នុងកម្រិតទាប តាមរយៈការអនុវត្តយុទ្ធសាស្ត្រដាំកូនឈើបន្ថែមយ៉ាងសកម្ម។

-ការគ្រប់គ្រងធនធាន៖ ឧត្តមភាពនៃការគ្រប់គ្រងគុណភាពខ្យល់ ធនធានទឹក និងដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលកម្ពុជាទទួលបានការកោតសរសើរជាអន្តរជាតិ ពោលគឺកាលពីថ្មីៗកន្លងទៅនេះ កម្ពុជាក៏ត្រូវបានស្ថាប័ន U.S. News & World Report ដដែលនេះ ចាត់ថ្នាក់ជា «ប្រទេសដែលមានបរិស្ថានធម្មជាតិស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ ២០២៦» ផងដែរ ដែលនេះស្តែងឱ្យឃើញពីផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើឆាកអន្តរជាតិ៕



Post a Comment

0 Comments