ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានគណៈកម្មាធិការ អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆមាសកន្លងមក និងលើកទិសដៅការងារបន្តរបស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានចែករំលែកនូវបទពិសោធន៍ការងារ និងបានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ៦ចំណុច ដូចខាងក្រោម៖
អនុវត្តតួនាទីភារកិច្ច៖ គ្រប់ក្រុមការងារដែលបានបែងចែកភារកិច្ចរួច ត្រូវបន្តអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
ពង្រឹងការគ្រប់គ្រងទិន្នន័យ៖ ត្រូវគ្រប់គ្រង និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
ចុះពិនិត្យជីវភាពផ្ទាល់៖ ត្រូវបន្តចុះទៅពិនិត្យដល់ខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពរស់នៅជាក់ស្តែង ព្រមទាំងជួយសម្រួល និងដោះស្រាយរាល់ការលំបាក ឬសំណូមពររបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានឆាប់រហ័ស។
ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ៖ ត្រូវបន្តធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងបញ្ជីឈ្មោះសមាជិកឱ្យបានត្រឹមត្រូវបំផុត។
ដោះស្រាយបញ្ហាប្រឈម៖ ត្រូវលើកសំណើ និងសុំគោលការណ៍ណែនាំរាល់ពេលជួបប្រទះបញ្ហាប្រឈម ឬការលំបាកផ្សេងៗ។
ពន្លឿនថវិកាមរណៈសង្គ្រោះ៖ ត្រូវជម្រុញការធ្វើកំណត់ហេតុ និងរៀបចំបើកផ្តល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកប្រធានលេខាធិការដ្ឋាន ក៏បានណែនាំបន្ថែមដល់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំពង្រឹង និងរក្សាឱ្យបាននូវនិរន្តរភាពការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត៕
0 Comments