រាជធានីភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ) នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅវេលាម៉ោង ៨:០០ យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនេះ កងកម្លាំងនគរបាលនៃនាយកដ្ឋានអង្គរក្ស នឹងធ្វើការហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ការហ្វឹកហាត់នេះ ធ្វើឡើងក្នុងគោលបំណងត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានស្នើសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ចំពោះការកកស្ទះចរាចរណ៍ដែលអាចកើតមានឡើងក្នុងអំឡុងពេលក្បួនហ្វឹកហាត់ឆ្លងកាត់។
ផ្អែកតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង តម្រាយផ្លូវនៃការហ្វឹកហាត់ត្រូវបានបែងចែកជាពីរជើង ដូចខាងក្រោម៖
តម្រាយផ្លូវជើងទៅ (ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ)៖
១. ចាប់ផ្ដើមចេញពីបរិវេណមុខសាលមហាស្រពកោះពេជ្រ ២. ផ្លូវនាគបាញ់ទឹក ៣. វិមានឯករាជ្យ ៤. ផ្លូវព្រះសីហនុ ៥. អាគារ៤២ជាន់ ស្ដុបពេទ្យចិន (បត់ឆ្វេងតាមបណ្ដាញផ្លូវមុនីវង្ស) ៦. ស្ពានអាកាសសម្ដេចតេជោ ហ៊ុន សែន ៧. មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ៨. ឆ្ពោះទៅបញ្ចប់នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល)
តម្រាយផ្លូវជើងត្រឡប់ (ឆ្ពោះទៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ និងត្រឡប់មកកោះពេជ្រវិញ)៖
ដំណាក់កាលទី១៖ ចេញពីអាកាសយានដ្ឋានអន្ដរជាតិតេជោ តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រួចបន្តចូលមហាវិថីព្រះមុនីវង្ស រួចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ឆ្ពោះទៅកាន់សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។
ដំណាក់កាលទី២៖ ត្រឡប់ចេញពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ចូលមកមហាវិថីព្រះមុនីវង្ស រួចបត់ឆ្វេងតាមផ្លូវបេកាសេ ឆ្ពោះមកផ្លូវភ្លោះពេទ្យអង្គឌួង បន្តចូលមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិមានឯករាជ្យ តាមផ្លូវនាគបាញ់ទឹក និងបញ្ចប់ការហ្វឹកហាត់នៅបរិវេណមុខសាលមហាស្រពកោះពេជ្រវិញ៕
0 Comments