ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក កឹម សុខា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា សៅ ង៉ែត ក្នុងជន្មាយុ ១០១ឆ្នាំ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងភរិយា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូន លោក កឹម សុខា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ត្រូវជាម្តាយបង្កើត និងម្តាយក្មេក។

យោងតាមលិខិតរំលែកទុក្ខចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ឧបាសិកា សៅ ង៉ែត បានទទួលមរណភាពកាលពីថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ ១០១ឆ្នាំ ដោយជរាពាធ។

នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីក្តុកក្តួល និងសោកស្តាយជាពន់ពេក និងបានគូសបញ្ជាក់ថា មរណភាពរបស់ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់ដ៏ធំធេងនូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌។ លើសពីនេះ នេះក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅ ក្នុងការបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

ជាទីបញ្ចប់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងភរិយា បានឧទ្ទិសបួងសួងដល់តេជបារមីនៃព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត ឱ្យបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety

Post a Comment

0 Comments