ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដើម្បីចូលរួមជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត និងវិលត្រឡប់មកវិញ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦)។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង ដោយបានបែងចែកដូចខាងក្រោម៖
រថយន្តក្រុង ១០០គ្រឿង៖ សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។
រថយន្តក្រុង ៥០០គ្រឿង៖ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងការវិលត្រឡប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦ គោលដៅ។
ការរៀបចំសេវារថយន្តក្រុងឥតគិតថ្លៃនេះ មិនត្រឹមតែជួយកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាសុវត្ថិភាពក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ និងធ្វើបុណ្យទានតាមប្រពៃណីជាតិយ៉ាងរីករាយផងដែរ។





0 Comments