កំពង់ចាម៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូកខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ ដោយមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រណាំងប្រជែងសរុបរហូតដល់ ១០០ទូក លើចម្ងាយផ្លូវទឹក ១,៥០០ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃបុណ្យចេញព្រះវស្សា) នៅក្រុងកំពង់ចាម ដោយមានទូកចូលរួមសរុបចំនួន ១០០ទូក ក្នុងនោះរួមមាន ទូក «ង» ចំនួន ៥២ទូក (ស្មើនឹង ២៦គូ) និងទូកខ្នាតអន្តរជាតិចំនួន ៤៨ទូក (ស្មើនឹង ២៤គូ)។
ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃការប្រកួត ឯកឧត្តមអភិបាលខេត្តបានបន្តថា ការប្រកួតត្រូវធ្វើឡើងចំនួន ៤ជើង ដោយកាត់សេចក្តីលើលទ្ធផល ឈ្នះ-ចាញ់ សុទ្ធសាធ ដោយមិនគិតនាទីឡើយ៖
ជើងទី១៖ ចាប់ឆ្នោតជ្រើសរើសខ្សែទឹក ដោយទូកខ្នាតអន្តរជាតិប្រកួតជាមួយខ្នាតអន្តរជាតិ និងទូក «ង» ខ្នាតវែងប្រកួតជាមួយខ្នាតវែង។
ជើងទី២ និងទី៣៖ ជាការប្រកួតចម្រាញ់ខ្លាំងជួបខ្លាំង (អ្នកឈ្នះប៉ះអ្នកឈ្នះ) និងខ្សោយជួបខ្សោយ (អ្នកចាញ់ប៉ះអ្នកចាញ់)។
ជើងទី៤៖ ជាជើងប្រកួតសម្រេចដើម្បីស្វែងរកជ័យលាភីលេខ១, លេខ២ និងលេខ៣។
ចំពោះទូកដែលមិនទទួលបានចំណាត់ថ្នាក់ ក៏នឹងទទួលបានទង់កិត្តិយស រួមទាំងការឧបត្ថម្ភលើកទឹកចិត្តផងដែរ ដើម្បីជាការជូនរង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់។









0 Comments