រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែខែមិថុនា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ «មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា» នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។
ពិធីនេះត្រូវបានរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ»។
សហគ្រាសក្នុងស្រុកជួយជំនួសទំនិញនាំចូលបានប្រមាណ ៣០%
ព្រឹត្តិការណ៍ដែលបានរៀបចំឡើងជាលើកទី៥ នេះ គឺជាការផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការចាប់យកឱកាសមាសដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្ម។ បច្ចុប្បន្ន ផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ ដែលជាកម្លាំងចលករដ៏សំខាន់៖
ជួយឱ្យផលិតផលខ្មែរអាចជំនួសទំនិញនាំចូលបានប្រមាណ ៣០ភាគរយ នៃតម្រូវការទីផ្សារសរុប។
ចូលរួមបង្កើតការងារជូនដល់ពលករដែលវិលត្រឡប់មកពីក្រៅប្រទេសបានយ៉ាងច្រើនកុះករ។
ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានភាពធន់ និងរឹងមាំយូរអង្វែង។
សកម្មភាពគន្លឹះ និងកិច្ចសហប្រតិបត្តិការអន្តរក្រសួង
ដើម្បីជំរុញចលនានេះឱ្យកាន់តែខ្លាំងក្លា សមាគមមូលនិធិសម្តេចតេជោបានដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទរួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ចំនួន ៣ដងរួចមកហើយ ដើម្បីបង្កើតឱកាសផ្គូផ្គងអាជីវកម្ម។
ទន្ទឹមនឹងនេះ សមាគមក៏បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នជាច្រើន ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នបង្គោល ដឹកនាំសម្របសម្រួល រួមជាមួយក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងការងារ, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងការបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ និងផ្តល់ការគាំទ្របច្ចេកទេស។
បន្ថែមលើនេះ ក្រោមការគាំទ្ររបស់សមាគមមូលនិធិសម្ដេចតេជោ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានសហការរៀបចំ «វេទិកាពិភាក្សារវាងគយ ជាមួយ FASMEC» ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្របសម្រួលនីតិវិធីនាំចេញ-នាំចូលផងដែរ។
ទិសដៅការងារ៖ ឆ្ពោះទៅរកការផលិតដោយចីរភាព
សម្រាប់ទិសដៅការងារនាពេលខាងមុខដ៏ខ្លីនេះ សមាគមបាននិងកំពុងរៀបចំផែនការ ដើម្បីសហការជាមួយ ក្រសួងបរិស្ថាន ក្នុងការរៀបចំវេទិកាពិភាក្សា ដើម្បីតម្រង់ទិស និងជួយដល់សហគ្រាសធុនតូច និងមធ្យម ឱ្យយល់ដឹងពី៖
ការផលិតដោយចីរភាព (Sustainable Production)
ការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព
ការប្រើប្រាស់ថាមពលកកើតឡើងវិញ (Renewable Energy) ដែលជាតម្រូវការចាំបាច់សម្រាប់ទីផ្សារទំនើបនាពេលបច្ចុប្បន្ន៕


0 Comments