ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងខាងលិច បានវិវត្តទៅជាព្យុះទី១៣ ឈ្មោះ «ដូលហ្វីន (Dolphin) T2613»។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអង់ដាម៉ាន សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជា ទោះបីជាព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះដោយផ្ទាល់ក៏ដោយ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មានការប្រែប្រួលដូចខាងក្រោម៖
១. តំបន់វាលទំនាប៖ បណ្តាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។
២. តំបន់ខ្ពង់រាប៖ បណ្តាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។
៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៧០%។ រឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ហើយក្រសួងនឹងបន្តតាមដាន និងព្យាករអំពីស្ថានភាពធាតុអាកាសនេះជាបន្តបន្ទាប់ទៀត។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments