ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារអំពាវនាវ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យចាត់ការតាមផ្លូវច្បាប់ជាដាច់ខាត ចំពោះករណីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច និងមន្ត្រីនគរបាលខិលខូចដែលប្រើអំណាចប្រព្រឹត្តបទល្មើសជម្រិតទារប្រាក់ ឬ «ធ្វើស៊ី» ប្រជាពលរដ្ឋស្លូតត្រង់។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ករណីជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងបណ្ណសម្គាល់ខ្លួន ឬប្រើប្រាស់ឯកសណ្ឋានខុសច្បាប់ ទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ គំរាមកំហែង ឬចាប់ខ្លួនពលរដ្ឋដើម្បីទាញយកប្រយោជន៍ គឺជា បទល្មើសព្រហ្មទណ្ឌ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែស្រាវជ្រាវ ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។
ដោយឡែក ចំពោះមន្ត្រីចំណុះក្រសួងមហាផ្ទៃដែលប្រព្រឹត្តផ្ទុយពីច្បាប់ ទៅជម្រិតទារប្រាក់ បង្កើតភស្តុតាងក្លែងក្លាយ ឬបំភិតបំភ័យពលរដ្ឋ ឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា នឹង មិនមានការលើកលែង ឬយោគយល់ឡើយ។ មន្ត្រីល្មើសទាំងនោះនឹងត្រូវ៖
បណ្តេញចេញពីក្របខ័ណ្ឌ ជាដាច់ខាត។
បញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដើម្បីធានាសុវត្ថិភាព និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់សាធារណជន៖
១. ប្រសិនបើជួបប្រទះករណីជនបន្លំជាសមត្ថកិច្ច សូមប្រញាប់រាយការណ៍ ឬដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាន ឬស្នងការដ្ឋាននគរបាលដែលនៅជិតបំផុត។
២. ក្នុងករណីមានមន្ត្រីនគរបាលប្រព្រឹត្តអំពើមិនគប្បី ឬបង្កើតបទល្មើសដាក់បន្ទុកលើពលរដ្ឋ អាចដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមូលដ្ឋាន ឬប្តឹងតាមប្រព័ន្ធអនឡាញរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់
រាល់អង្គភាពសមត្ថកិច្ចទាំងអស់ត្រូវតែទទួល និងចាត់ការលើពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋជាដាច់ខាត។





0 Comments