ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អមដំណើរដោយលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីសហព័ន្ធកីឡាបាល់ទះ តំណាងក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រុមហ៊ុនឧបត្ថម្ភ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការត្រឡប់មកដល់មាតុភូមិវិញ របស់ប្រតិភូ គ្រូបង្វឹក និងក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា។
ការទទួលស្វាគមន៍នេះ ធ្វើឡើងបន្ទាប់ពីក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានដណ្តើមបានជើងឯក (Champion) ក្នុងជើងទី១ នៅប្រទេសហ្វីលីពីន និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី ព្រមទាំងឈ្នះបានពានរង្វាន់ឯកត្តជនមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំប្រតិភូ ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្តនៅលើឆាកអន្តរជាតិ រហូតនាំយកពានរង្វាន់ និងមេដាយកិត្តិយសជូនជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងប្រិយមិត្តគាំទ្រទាំងអស់ ដែលតែងតែចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា ទាំងនៅទីលានប្រកួតផ្ទាល់ និងតាមរយៈការទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមសាមគ្គីភាព និងសហការគ្នាជាធ្លុងមួយ ដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិនៅលើឆាកអន្តរជាតិនានានៅថ្ងៃអនាគត។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments