ក្រសួងសុខាភិបាលបានដាស់តឿនថា ក្នុងរដូវវស្សានេះ បូករួមនឹងបាតុភូតឡើងកម្តៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនូវចំនួនមូសខ្លា និងជំងឺគ្រុនឈាមគួរឱ្យព្រួយបារម្ភ។ ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៦ ដូចខាងក្រោម៖
វិធានការទី១៖ ករណីមានអាការៈក្តៅខ្លួន
ប្រសិនបើមានសមាជិកគ្រួសារមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ (ចាប់ពី ៣៩ ទៅ ៤០ អង្សាសេ) ត្រូវប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងកំឡុងពេល ៤៨ម៉ោង យ៉ាងយូរបំផុត។
ទូរសព្ទទំនាក់ទំនង៖ លេខ ១១៥ (ឥតគិតថ្លៃ)។
វិធានការទី២៖ កម្ចាត់ជម្រកដង្កូវទឹក
អាណាព្យាបាល និងអាជ្ញាធរត្រូវរួមគ្នាសម្អាតដង្កូវទឹកនៅតាមកន្លែងមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងទូ។
ត្រូវផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិច ១ដង ក្នុង១សប្តាហ៍ ឬត្រូវគ្របដណ្តប់ឱ្យបានជិតល្អ និងសហការដាក់ថ្នាំបាណកឃាត (ថ្នាំអាបែត) នៅក្នុងអាងទឹក ឬចិញ្ចឹមកូនត្រីប្រាំប្រាំ។
ចំពោះសម្ភារដក់ទឹកផ្សេងទៀត (សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង) ត្រូវកប់ ដុត បំផ្លាញចោល ឬទុកដាក់ឱ្យមានរបៀប កុំឱ្យមានទឹកដក់។
វិធានការទី៣៖ សម្រាប់ការដ្ឋានសំណង់
ម្ចាស់ការដ្ឋានត្រូវសម្អាតបរិវេណសំណង់ លុបបំបាត់វត្ថុដក់ទឹក និងធុងដក់ទឹក ដោយរៀបចំទុកដាក់សម្ភារសំណង់ដែលអាចដក់ទឹកនៅក្រោមដំបូលត្រឹមត្រូវ ដើម្បីចៀសវាងការដក់ទឹកបង្កើតជាជម្រកមូសខ្លា។
វិធានការទី៤៖ អាជីវកម្មកែច្នៃ និងលក់ដូរ
អាជីវករលក់ដូរ ឬជួសជុលសំបកកង់ឡាន ម៉ូតូ ត្រូវគ្រប់គ្រងសំបកកង់ទាំងនោះកុំឱ្យដក់ទឹក ដោយដាក់គរដណ្តប់លើត្នោត គ្របតង់ ឬចាក់ប្រេងម៉ាស៊ីនចាស់ៗឈប់ប្រើប្រាស់ចូល ឬដាក់នៅក្រោមដំបូល។
វិធានការទី៥៖ លុបបំបាត់ជម្រកមូស និងការពារការខាំ
រៀបចំផ្ទះសម្បែងឱ្យមានពន្លឺ និងខ្យល់ចេញចូលល្អ ផ្ទុកសម្លៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់។
ត្រូវស្លៀកខោអាវដៃវែងជើងវែង និងគេងក្នុងមុងទាំងយប់ទាំងថ្ងៃ។
ប្រើថ្នាំបាញ់មូស ឬលាបថ្នាំការពារមូសខាំដែលជឿទុកចិត្តបាន និងមានសុវត្ថិភាព។
វិធានការទី៦៖ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥
ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ និងដោះស្រាយការកកើតមូសខ្លាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
ប្រភពស្វែងរកព័ត៌មានបន្ថែម៖
គេហទំព័រក្រសួងសុខាភិបាល៖
www.moh.gov.kh គេហទំព័រនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖
www.cdcmoh.gov.kh មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់៖
www.cnm.gov.kh
0 Comments