ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រមាណ ៣០០នាក់។
ផែនការសកម្មភាពឆ្នាំ២០២៦-២០៣០ នេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកៀរគរគ្រប់ភាគីពាក់ព័ន្ធឱ្យរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដោយឈរលើគោលការណ៍ «ស្អាត ឆ្លាត និងបៃតង» ដើម្បីប្រែក្លាយរាជធានីភ្នំពេញឱ្យទៅជាគោលដៅទេសចរណ៍ទីក្រុងដ៏លេចធ្លោនៅក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា៖
«រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែកំពុងពង្រឹងតួនាទីជាច្រកទ្វារទេសចរណ៍អន្តរជាតិ និងជាគោលដៅទេសចរណ៍ទីក្រុងដ៏រស់រវើក ដែលរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទេសចរណ៍ទីក្រុង និងជីវិតសម័យទំនើប»។
នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ពីផែនការកែលម្អតំបន់ច្រាំងទន្លេតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ រួមមាន៖ សួនលំហែកាយសាធារណៈសម្រាប់ព្រឹត្តិការណ៍ទេសចរណ៍-កីឡា, ការរៀបចំផ្លូវសម្រាប់រថយន្តសាធារណៈ, និងការរៀបចំផ្លូវជិះកង់ព្រមទាំងដាក់ឱ្យប្រើប្រាស់កង់អាគុយសាធារណៈ ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រអាទិភាពធំៗចំនួន ៣ រួមមាន៖
១). ការជំរុញបង្កើតអត្តសញ្ញាណ និងម៉ាកសញ្ញាផ្ទាល់ខ្លួន (Phnom Penh Destination Branding)
២). ការរៀបចំនlistsនិទានកថា (Storytelling) ដោយផ្លាស់ប្តូរពីការលក់ទីកន្លែង មកជាការ «លក់រឿងរ៉ាវ បទពិសោធន៍ និងអារម្មណ៍»
៣). ការជំរុញ និងពង្រីកសកម្មភាពទេសចរណ៍នាពេលរាត្រី (Night Tourism) ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនការចំណាយរបស់ភ្ញៀវទេសចរ។









0 Comments