ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ» នៅរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរឱ្យបានត្រឹមត្រូវ៖ នរណាជាអ្នកទទួលខុសត្រូវ» នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងតំណាងស្ថាប័នពាក់ព័ន្ធសរុបចំនួន ១២០ នាក់ មកពី ៨២ ស្ថាប័ន។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងមានឥទ្ធិពលខ្លាំងលើការប្រើប្រាស់ភាសារបស់មហាជន។

ពិធីនេះទទួលបានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពី៖

   -លោកបណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

   -លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

   -លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

   -លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)

នៅក្នុងឱកាសនោះ វាគ្មិនជំនាញបានធ្វើបទបង្ហាញ និងចែករំលែកពីតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវ ទាំងផ្នែកអក្ខរាវិរុទ្ធ ពាក្យពេចន៍ និងវេយ្យាករណ៍ ឬការប្រើប្រាស់ប្រាសចាកពីនិយាមអក្សរសាស្ត្រខ្មែរ។





Post a Comment

0 Comments