កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីពិនិត្យ និងស្វែងយល់ពីជីវភាពជាក់ស្តែង ព្រមទាំងជួយកែលម្អរបៀបរបបការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់ថ្នាក់ដឹកនាំអធិការដ្ឋាន និងនាយប៉ុស្តិ៍ទាំង១៨ ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់លើការងារសំខាន់ៗជាច្រើន។
សេចក្តីណែនាំ និងទិសដៅការងារសំខាន់ៗ៖
ការអនុវត្តដីកា៖ ត្រូវខិតខំអនុវត្តឱ្យបានច្បាស់លាស់ ដោយនៅតែរក្សារង្វាន់លើកទឹកចិត្តថវិកា ៤០០,០០០ រៀល ចំពោះការចាប់ខ្លួនជនត្រូវចោទបាន ១ នាក់។
ការរៀបចំប៉ុស្តិ៍៖ ត្រូវរៀបចំកន្លែងស្នាក់នៅដាច់ដោយឡែកពីអគារធ្វើការ និងបំពាក់កាមេរ៉ាសុវត្ថិភាពនៅគ្រប់ទីតាំងប៉ុស្តិ៍។
ការផ្តល់សេវាសាធារណៈ៖ ត្រូវទទួលពាក្យបណ្តឹងប្រជាពលរដ្ឋទោះជាកើតហេតុក្រៅដែនសមត្ថកិច្ចក៏ដោយ និងត្រូវប្រកាន់ឥរិយាបថសុភាពរាបសារ តែម៉ឺងម៉ាត់។
ការងារសន្តិសុខ៖ បន្តជំរុញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» បង្កើនការល្បាតសហការរវាងប៉ុស្តិ៍ជាប់ព្រំប្រទល់ និងគ្រប់គ្រងមុខសញ្ញាចាស់-ថ្មី (គ្រឿងញៀន ព្រហ្មទណ្ឌ និងក្មេងទំនើង) ឱ្យបានហ្មត់ចត់។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមមាន៖ អង្ករ ១តោន, ទឹកសុទ្ធ ២០កេស, មី ២០កេស, ត្រីខ ១កេសធំ និងថវិកាមួយចំនួន ជូនដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងផងដែរ។








0 Comments