ក្រចេះ៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនៈ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានដឹកនាំក្រុមការងារ ចុះចូលរួមក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលបានប្រព្រឹត្តទៅយ៉ាងរលូននៅស្នាក់ការគណបក្សឃុំថ្មគ្រែ។
ផ្អែកតាមរបាយការណ៍បច្ចេកទេសនៃដំណើរការបោះឆ្នោត៖
បេក្ខភាពឈរឈ្មោះ៖ សរុបចំនួន ១៤ រូប
អង្គបោះឆ្នោតចូលរួម៖ សរុបចំនួន ២៧៣ រូប
ទិន្នន័យសន្លឹកឆ្នោត៖ សន្លឹកឆ្នោតរៀបចំសរុប ៣៥០ សន្លឹក (ប្រើប្រាស់បោះឆ្នោត ២៨៧ សន្លឹក និងនៅសល់ ៦៣ សន្លឹក)
បន្ទាប់ពីបានបញ្ចប់ដំណើរការបោះឆ្នោតស្ទាបស្ទង់ ឯកឧត្តម ហេង រតនៈ និងក្រុមការងារថ្នាក់កណ្តាល បានបន្តសកម្មភាពចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលជាគ្រួសារក្រីក្រ និងមានជីវភាពខ្វះខាតចំនួន ៤ គ្រួសារ នៅក្នុងឃុំថ្មគ្រែ ព្រមទាំងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភ ដើម្បីសម្រាលទុក្ខធុរៈ និងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
នៅក្នុងឱកាសនោះ គ្រួសារក្រីក្រនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, មី ១ កេស, សារុងពុម្ព ១ និងថវិកាចំនួន ២០,០០០ រៀល។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានប្រគល់ថវិកាចំនួន ១,២០០,០០០ រៀល ជូនដល់រដ្ឋបាលឃុំថ្មគ្រែ សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការឧបត្ថម្ភពិធីបុណ្យសពដល់គ្រួសារដែលជួបការលំបាកក្នុងមូលដ្ឋាន។
សកម្មភាពទាំងអស់នេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ក្រុមការងារថ្នាក់កណ្តាល ចំពោះដំណើរការប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងការចុះជួយសម្រាលទុក្ខធុរៈប្រជាពលរដ្ឋជាក់ស្តែង។













0 Comments