កំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងក្រុងកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងបានកោតសរសើរដល់ក្មួយៗសិស្សានុសិស្សដែលបានខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ។
អំណោយលើកទឹកចិត្តដែលបានផ្តល់ជូន៖
សិស្សនិទ្ទេស A (២៦ នាក់)៖ ទទួលបានកុំព្យូទ័រ Laptop ១គ្រឿង, ថវិកា ១លានរៀល និងសម្ភារសិក្សា។
សិស្សកុមារកំព្រា (២ នាក់)៖ ទទួលបានកុំព្យូទ័រ Laptop ១គ្រឿង, ថវិកា ១លានរៀល, សម្ភារសិក្សា និងអាហារូបករណ៍សិក្សា។
សិស្សពិការ គ ថ្លង់ (៥ នាក់)៖ ទទួលបានថវិកា ២លានរៀល, សម្ភារសិក្សា និងអាហារូបករណ៍សិក្សា។
គ្រឹះស្ថានសិក្សា៖ ឧបត្ថម្ភថវិកា ១លានរៀល ជូនដល់វិទ្យាល័យចំនួន ៥ ក្នុងក្រុងកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រនៅកម្រិតឧត្តមសិក្សា និងជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍខ្លួនជា «មូលធនមនុស្ស» ដ៏មានសក្តានុពលសម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ។
0 Comments