ហូជីមិញ៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀនប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មាន ការស្រាវជ្រាវ និងការទប់ស្កាត់បង្ក្រាបរាល់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕











0 Comments