ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អំពាវនាវឱ្យរួមគ្នាកាត់បន្ថយអន្ទាក់ បន្ទាប់ពីសុនខដើរកំដរភ្ញៀវទេសចរនៅភ្នំខ្នងព្រះអង្គ ជាន់អន្ទាក់ពិការជើង

ពោធិ៍សាត់៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសារអំពាវនាវ និងក្រើនរំលឹកយ៉ាងក្តុកក្តួលថា «អន្ទាក់សត្វព្រៃ មិនជ្រើសរើសជនរងគ្រោះទេ!» បន្ទាប់ពីសុនខមួយក្បាល ដែលតែងតែដើរកំដរភ្ញៀវទេសចរឡើងភ្នំខ្នងព្រះអង្គ ត្រូវធ្លាក់ខ្លួនពិការសល់ត្រឹមជើង៣ ដោយសារជាន់ចំអន្ទាក់បង្កប់របស់ព្រានព្រៃ។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា សុនខមិនបានធ្វើអ្វីខុសនោះទេ វាគ្រាន់តែដើរតាមផ្លូវដែលវាធ្លាប់ដើរប៉ុណ្ណោះ។ ព្រឹត្តិការណ៍ដ៏សង្វេគនេះ បានចោទជាសំណួរយ៉ាងក្តុកក្តួលថា «តើជនរងគ្រោះបន្ទាប់ជាអ្វី?» ប្រសិនបើអន្ទាក់បង្កប់ទាំងនោះនៅតែបន្តមាននៅក្នុងព្រៃធម្មជាតិ។

ជាមួយគ្នានោះដែរ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានបន្ថែម និងអំពាវនាវដល់សាធារណជនថា រាល់ពេលដែលអ្នកទិញ ឬបរិភោគសាច់សត្វព្រៃ គឺប្រៀបដូចជាអ្នកកំពុងជួយបង់ថ្លៃអន្ទាក់បន្ទាប់ដូច្នោះដែរ។ ដូចនេះ ប្រសិនបើគ្មានអ្នកទិញទេ ក៏គ្មានអ្នកដើរដាក់អន្ទាក់ និងលក់បន្តទៀតឡើយ។

Post a Comment

0 Comments