សោកនាដកម្មកុមារ ២នាក់ស្លាប់ក្នុងរថយន្ត និងការបាត់បង់ជីវិតរបស់មនុស្សចាស់
នៅក្នុងសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយ ក្រុមរដ្ឋអាជ្ញានៃទីក្រុង Carpentras ស្ថិតនៅភាគខាងអាគ្នេយ៍ប្រទេសបារាំង បានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះមិនអាចសង្រ្គោះជីវិតកុមារតូចៗ ២នាក់ទាន់ពេលវេលានោះទេ។ កុមាររងគ្រោះទាំងពីរ (ម្នាក់អាយុ ២ឆ្នាំ និងម្នាក់ទៀតអាយុ ៤ឆ្នាំ) ត្រូវបានម្ដាយប្រទះឃើញសន្លប់ស្ដូកស្ដឹង បន្ទាប់ពីត្រូវបានទុកចោលនៅក្នុងរថយន្ដមួយគ្រឿងនៅក្រៅផ្ទះ។
ដោយឡែក មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍បារាំង France TV ថា មនុស្សចាស់ ៣នាក់ ដែលមានអាយុចន្លោះពី ៨០ ដល់ ៩៥ឆ្នាំ ក៏បានទទួលមរណភាពនៅក្នុងទីក្រុង Bordeaux ផងដែរ ដោយសារបញ្ហាសុខភាពបង្កឡើងដោយអាកាសធាតុក្ដៅខ្លាំងពេក។
អត្រាលង់ទឹកកើនឡើងខ្ពស់ ខណៈប្រជាជនស្វែងរកកន្លែងត្រជាក់
លោក Jerome Boulanger អ្នកនាំពាក្យសេវាសុវតិ្ថភាពជនស៊ីវិលរបស់បារាំង បានគូសបញ្ជាក់ថា មានមនុស្សចំនួន ១៣នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ ចាប់តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។
យោងតាមទិន្នន័យកាលពីឆ្នាំ២០២៥ អត្រាអ្នកលង់ទឹកស្លាប់នៅក្នុងប្រទេសបារាំងបានកើនឡើងរហូតដល់ ១៧២ភាគរយ អំឡុងពេលមានរលកកម្ដៅ ដោយសារតែប្រជាពលរដ្ឋនាំគ្នាសម្រុកទៅចុះត្រាំទឹកដើម្បីជួយសម្រាលកម្ដៅរាងកាយ។
ការបំបែកកំណត់ត្រាសីតុណ្ហភាព និងវិធានការបន្ទាន់
បច្ចុប្បន្ន អាជ្ញាធរបារាំងបានសម្រេចបិទសាលារៀនមួយចំនួន ឬផ្លាស់ប្ដូរម៉ោងសិក្សាដើម្បីសុវត្ថិភាពសិស្សានុសិស្ស។ ជាមួយគ្នានេះ ក្រុមអ្នកព្យាករអាកាសធាតុនៅចក្រភពអង់គ្លេសបានព្រមានថា សីតុណ្ហភាពអាចនឹងហក់ឡើងខ្ពស់បំផ្លាញកំណត់ត្រាចាស់សម្រាប់ខែមិថុនា នៅក្នុងសប្ដាហ៍នេះ។
ស្ថានភាពសីតុណ្ហភាពជាក់ស្ដែងនៅតាមតំបន់មួយចំនួន៖
-ទីក្រុង Bordeaux (ភាគខាងលិចបារាំង)៖ សីតុណ្ហភាពឡើងដល់ ៤១,៩អង្សាសេ (បំបែកកំណត់ត្រាកាលពីខែសីហា ឆ្នាំមុន)។
-ទីក្រុង Poitiers (ភាគកណ្ដាលបារាំង)៖ សីតុណ្ហភាពឡើងដល់ ៤១,២អង្សាសេ។
-ទីក្រុង San Sebastian (ភាគខាងជើងអេស្ប៉ាញ)៖ ទីក្រុងដែលធ្លាប់តែមានអាកាសធាតុត្រជាក់មួយនេះ ក៏បានហក់ឡើងដល់ ៤០អង្សាសេ ផងដែរ៕
0 Comments