ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពង្រឹងការបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាប និងព្រមានចាត់វិធានការចំពោះមន្ត្រីឃុបឃិត

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងលើកទិសដៅយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តជុំវិញបឹងទន្លេសាប។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ។

ក្នុងរយៈពេល ១៨ខែកន្លងមកនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរដែនដីបានសហការគ្នាយ៉ាងសកម្ម ក្នុងការចុះល្បាត ឃាត់ខ្លួនជនល្មើស និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណី រហូតធ្វើឱ្យបរិមាណមច្ឆជាតិ (ត្រី) សំបូរឡើងវិញ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំនួន ៥ចំណុច៖

  1. គោរពបទបញ្ជារាជរដ្ឋាភិបាល៖ ត្រូវអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបបទល្មើសនេសាទ ព្រៃឈើ និងការទន្ទ្រានដី។

  2. ស្រាវជ្រាវ និងផ្តន្ទាទោស៖ សមត្ថកិច្ចត្រូវរួមគ្នាបង្ក្រាប កសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ។

  3. អប់រំច្បាប់ជលផល៖ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹង ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា។

  4. បន្តដកហូតឧបករណ៍ខុសច្បាប់៖ ស្វែងរក និងដកហូតឧបករណ៍ឆក់ និងមងក្រឡាញឹក។

  5. ពង្រឹងសាមគ្គីភាព៖ កងកម្លាំងទាំងអស់ត្រូវមានឆន្ទៈ និងមនសិការខ្ពស់ក្នុងការអនុវត្តការងារ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ និងព្រមានដាច់អហង្ការថា មិនត្រូវឱ្យមានការកាង ឬឃុបឃិតការពារជនល្មើសពីសំណាក់មន្ត្រីអាជ្ញាធរ ឬកងកម្លាំងណាម្នាក់ឡើយ។ បើរកឃើញថាមានការប្រព្រឹត្តខុស ត្រូវអនុវត្តវិន័យកងទ័ព និងផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ឧបករណ៍ខុសច្បាប់ដែលដកហូតបាន ត្រូវបំផ្លាញចោលភ្លាមៗ៕





Post a Comment

0 Comments