កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកលើសត្វគោ និងក្របី ជូនប្រជាកសិករដោយឥតគិតថ្លៃ ស្ថិតនៅក្នុងបរិវេណវត្តមុនីវ័ន្ត ស្វាយស្រណោះ ភូមិស្វាយស្រណោះ ឃុំរការអា ស្រុកកងមាស។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងគោលបំណងទប់ស្កាត់ និងការពារជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានលើសត្វពាហនៈក្នុងអំឡុងរដូវវស្សា។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការចូលរួមថែរក្សាសុខភាពសត្វពាហនៈ គឺជាកត្តាចាំបាច់ក្នុងការទ្រទ្រង់ និងពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករ ព្រមទាំងរួមចំណែកការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋសហការជាមួយមន្ត្រីជំនាញ ក្នុងការនាំយកសត្វពាហនៈមកចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា។ ក្នុងករណីសង្កេតឃើញមានស្ថានភាពជំងឺសត្វមិនប្រក្រតី ត្រូវប្រញាប់រាយការណ៍ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាលប្រចាំស្រុកជាបន្ទាន់ ដើម្បីចៀសវាងការឆ្លងរីករាលដាលធ្ងន់ធ្ងរ។
ក្រៅពីការងារសុខភាពសត្វ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើអនាម័យរស់នៅ ដោយត្រូវសម្អាតបរិវេណជុំវិញលំនៅឋាន និងលុបបំបាត់ជម្រកដក់ទឹក ដើម្បីការពារការបង្កាត់ពូជនៃមូសខ្លា និងទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments