វ៉ាស៊ីនតោន៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ (4th Cambodia–U.S. Defense Policy Dialogue) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងសហការី នៅឯមន្ទីរបញ្ចកោណ (Pentagon)។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលយោធា និងវិស័យសហប្រតិបត្តិការផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីអាមេរិកអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments