ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានចេញការក្រើនរំលឹក និងការណែនាំដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលរបស់ជនខិលខូច ដែលប្រើប្រាស់រូបភាព «កម្ចីអនឡាញ» ដើម្បីឆបោកយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ផ្អែកតាមការបញ្ជាក់របស់នាយកដ្ឋាន ជនឆបោកជាទូទៅតែងតែប្រើប្រាស់ល្បិចជាជំហានៗដូចខាងក្រោម៖
ផ្សព្វផ្សាយកម្ចីអនុម័តរហ័ស៖ មិនតម្រូវឱ្យមានឯកសារស្មុគស្មាញ ដើម្បីទាក់ទាញជនរងគ្រោះ។
តម្រូវឱ្យបង់ប្រាក់មុន៖ តម្រូវឱ្យជនរងគ្រោះបង់ «ថ្លៃសេវា» ឬ «ប្រាក់ធានា» ជាមុន។
ផ្ញើតំណភ្ជាប់ (Link)៖ ឱ្យចុចលើ Link ឬទាញយកកម្មវិធី (App) ពីប្រភពមិនស្គាល់។
ស្នើសុំព័ត៌មានសម្ងាត់៖ ទារលេខសម្ងាត់ (OTP) ឬព័ត៌មានគណនីធនាគារ។
ទាររូបថត និងព័ត៌មានផ្ទាល់ខ្លួន៖ ទាររូបថត អត្តសញ្ញាណប័ណ្ណ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ។
ដើម្បីជៀសវាងការធ្លាក់ចូលក្នុងល្បិចឆបោកនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំនូវចំណុច «សូមកុំ» និង «សូមធ្វើ» ដូចខាងក្រោម៖
❌ ចំណុចសូមកុំ៖
កុំបង់ប្រាក់ជាមុន ដើម្បីទទួលបានកម្ចី
កុំចែករំលែកលេខ OTP ឬលេខសម្ងាត់គណនីធនាគារឱ្យសោះ
កុំចុចតំណភ្ជាប់ (Link) ឬដំឡើង App ពីប្រភពមិនគួរឱ្យទុកចិត្ត
កុំផ្ញើឯកសារផ្ទាល់ខ្លួនទៅឱ្យអ្នកមិនស្គាល់មុខ
✅ ចំណុចសូមធ្វើ៖
ពិនិត្យឱ្យបានច្បាស់ថា គ្រឹះស្ថានផ្តល់កម្ចីនោះមានអាជ្ញាប័ណ្ណស្របច្បាប់
អានលក្ខខណ្ឌ និងអត្រាការប្រាក់ឱ្យបានច្បាស់លាស់
សាកសួរព័ត៌មានពីប្រភពផ្លូវការមុនសម្រេចចិត្ត
រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រសិនបើសង្ស័យថាជាការឆបោក
អាជ្ញាធរក៏បានគូសបញ្ជាក់ និងរំលឹកបន្ថែមថា «កម្ចីស្របច្បាប់ មិនតម្រូវឱ្យអ្នកបង់ថ្លៃសេវាជាមុន ដើម្បីអនុម័តកម្ចីនោះឡើយ»។
ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety
0 Comments