ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៤ «កូជីរ៉ា (Kujira)» និងព្យាករណ៍ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៤ ឈ្មោះ «កូជីរ៉ា (Kujira) T2614» រួមជាមួយនិងព្យុះសង្ឃរាទី១៣ ឈ្មោះ «ដូលហ្វីន (Dolphin) T2613» មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអង់ដាម៉ាន សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជា ទោះបីជាព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះដោយផ្ទាល់ក៏ដោយ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ មានការប្រែប្រួលដូចខាងក្រោម៖

១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៦០%។

៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៧០%។ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់សាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ហើយក្រសួងនឹងបន្តតាមដាន និងព្យាករអំពីស្ថានភាពធាតុអាកាសនេះជាបន្តបន្ទាប់ទៀត។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety

Post a Comment

0 Comments