ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

កម្ពុជាមានទូសាកថាមពលយានយន្តអគ្គិសនីជាង ៤០០ទូ ខណៈចំនួនអ្នកប្រើប្រាស់កើនឡើងដល់ជាង ២ម៉ឺនគ្រឿង ត្រឹមពាក់កណ្តាលឆ្នាំ២០២៦

ភ្នំពេញ៖ គិតត្រឹមជិតពាក់កណ្ដាលខែសីហា ឆ្នាំ២០២៦ នេះ ទូទាំងប្រទេសកម្ពុជាមានទូសាកថាមពលយានយន្តអគ្គិសនី (EV) សរុបជាង ៤០០ទូ ខណៈដែលចំនួនអ្នកប្រើប្រាស់យានយន្តអគ្គិសនីកំពុងមានការកើនឡើងយ៉ាងសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា (EDC) កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងថា អគ្គិសនីកម្ពុជាបានខិតខំគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ស្ថានីយសាកយានយន្តអគ្គិសនីជាបន្តបន្ទាប់ ចាប់តាំងពីមានស្ថានីយតិចតួច រហូតដល់បច្ចុប្បន្នមានទូសាកជាង ៤០០ទូ។ ការផ្គត់ផ្គង់ថាមពលដល់ស្ថានីយសាកទាំងនេះ មិនបានបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឬអ្នកប្រើប្រាស់បណ្តាញអគ្គិសនីរួមគ្នានោះឡើយ។

អគ្គិសនីកម្ពុជា បានបញ្ជាក់បន្ថែមថា អង្គភាពបានទទួលសំណូមពរពីសាលារាជធានី-ខេត្ត និងក្រុង-ស្រុក ដើម្បីជួយវិនិយោគដោយប្រើប្រាស់ថវិការបស់អគ្គិសនីកម្ពុជា លើទីតាំងសាធារណៈដែលជាប្រយោជន៍រួម (មិនមែនជាទីតាំងអាជីវកម្ម) ដូចជា សួនច្បារ កន្លែងហាត់ប្រាណ និងរបងស្ថាប័នរដ្ឋ។ ដោយឡែក ចំពោះទីតាំងអាជីវកម្មឯកជនដែលមានការប្រើប្រាស់ច្រើន និងមានលក្ខណៈអចិន្ត្រៃយ៍ អគ្គិសនីកម្ពុជាក៏បានវិនិយោគរាប់ម៉ឺន ទៅរាប់សែនដុល្លារលើបណ្តាញខ្សែ និងត្រង់ស្វូរផងដែរ ប៉ុន្តែរក្សាសិទ្ធិមិនអន្តរាគមន៍លើទីតាំងតូចៗ ឬទីតាំងប្រើប្រាស់រយៈពេលខ្លីនោះទេ។

ទាក់ទងនឹងកំណើនយានយន្តអគ្គិសនី ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីថ្មីមានចំនួន ៧,៦៣២គ្រឿង (រថយន្ត ៦,១៧៤គ្រឿង, ម៉ូតូ ១,២៩៦គ្រឿង និងត្រីចក្រយានយន្ត ១៦២គ្រឿង)។

សរុបគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ នេះ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួនសរុបដល់ទៅ ២០,៦០០គ្រឿង (រថយន្ត ១៥,២៣៩គ្រឿង, ម៉ូតូ ៤,៤៩៩គ្រឿង និងកង់បី ៨៦២គ្រឿង) ដែលតួលេខនេះស្ដែងឱ្យឃើញពីការផ្លាស់ប្តូរការយល់ដឹង និងការគាំទ្រយានយន្តបៃតងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។


Post a Comment

0 Comments