ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីណែនាំផ្លូវការមួយ ដោយផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយប្រកួតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។
សេចក្តីណែនាំនេះ មានគោលបំណងពង្រឹងការអនុវត្តច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងចាត់វិធានការចំពោះការផលិត ការបង្ហោះ ការចែករំលែក និងការផ្សព្វផ្សាយមាតិកាទាំងឡាយណាដែលបំពានច្បាប់ ប៉ះពាល់ដល់សីលធម៌សង្គម ឬរំលោភលើសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី។
វិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវអនុវត្ត៖
ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន៖ ក្រសួងនឹងអនុវត្តវិធានការរដ្ឋបាលតាមសមត្ថកិច្ច រួមមាន ការព្រមាន, ការតម្រូវឱ្យកែតម្រូវ ឬដកចេញមាតិកាដែលមានបញ្ហា, ការផ្អាក ឬលុបអាជ្ញាបណ្ណ និងវិធានការរដ្ឋបាលផ្សេងទៀតតាមច្បាប់។ ក្នុងករណីមានបទល្មើស នឹងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ចំពោះអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម (ក្រៅសាលាក្របខណ្ឌសារព័ត៌មាន)៖ ក្រសួងនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអប់រំ ណែនាំ ព្រមាន តម្រូវឱ្យកែតម្រូវ ឬដកចេញមាតិកាបំពាន ព្រមទាំងសម្របសម្រួលជាមួយអ្នកផ្តល់សេវា (Platform) ឬវិធានការឌីជីថលតាមនីតិវិធី។ ករណីធ្ងន់ធ្ងរ នឹងអនុវត្តវិធានការច្បាប់ជាធរមាន។
គោលការណ៍អនុវត្តវិធានការ៖ ត្រូវឈរលើគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ សមមាត្រ សមធម៌ និងការទទួលខុសត្រូវ ដោយពិនិត្យលើអង្គហេតុ ភាពធ្ងន់ធ្ងរ ចេតនា និងផលប៉ះពាល់ជាក់ស្តែង។
ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងសាធារណជនទាំងអស់ ចូលរួមបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមព័ត៌មានប្រកបដោយសុវត្ថិភាព សីលធម៌ និងគុណភាព ដោយលើកកម្ពស់មាតិកាវិជ្ជមាន អប់រំ និងតម្លៃគ្រួសារ-វប្បធម៌ប្រពៃណីជាតិ។



0 Comments