ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ១០ថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៥២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧៥នាក់។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ការបើកបរលើសល្បឿនកំណត់, មិនគោរពសិទ្ធិអាទិភាព, បើកបរមិនប្រកាន់ស្តាំ, ការវ៉ាជែង, ការបត់មិនប្រុងប្រយ័ត្ន, ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។ ចំពោះភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ, ស្វាយរៀង, ព្រះសីហនុ, ព្រៃវែង, ក្រចេះ, ត្បូងឃ្មុំ, ស្ទឹងត្រែង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប, ព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង, រតនគិរី, កោះកុង និងខេត្តកំពត។
ប្រឈមមុខនឹងកំណើននៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុកនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមការស្នើសុំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ នឹងធ្វើឡើងជាពិសេសនៅក្នុងភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង ដោយផ្តោតលើអំពើល្មើសធ្ងន់ធ្ងរ ដូចជា៖ ការបើកបរលើសល្បឿនកំណត់, ការបើកបរក្នុងស្ថានភាពស្រវឹង, ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង។
0 Comments