ព័ត៌មានថ្មីៗ
កំពុងទាញទិន្នន័យព័ត៌មានចុងក្រោយ...

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ១៤៤នាក់ និងរបួស ២៤៥នាក់ ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើសុំរឹតបន្តឹងច្បាប់ឡើងវិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន ២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។

ប្រភពដដែលបានបន្តថា មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ភាគច្រើនកើតឡើងដោយសារ៖

  • ការបើកបរលើសល្បឿនកំណត់

  • ការមិនគោរពសិទ្ធិអាទិភាព និងមិនគោរពសញ្ញាចរាចរណ៍

  • ការបើកបរមិនប្រកាន់ស្តាំ

  • ការវ៉ាជែង និងការបត់មិនប្រុងប្រយ័ត្ន

  • ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង

  • កត្តាបច្ចេកទេសយានយន្ត

ដោយឡែក ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយករណីគ្រោះថ្នាក់កើនឡើង ២១៣លើក (ស្មើ ២០%) ចំនួនអ្នកស្លាប់កើនឡើង ៧៩នាក់ (ស្មើ ១១%) និងអ្នករបួសកើនឡើង ៤៦៨នាក់ (ស្មើ ៣២%)។

ចំពោះមុខសភាពការណ៍នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់លិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។

នៅក្នុងលិខិតស្នើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុក បន្ទាប់ពីការអនុវត្តច្បាប់ត្រូវបានផ្អាកមួយរយៈធំ ក្នុងគោលបំណងសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនាពេលកន្លងមក។

ចូលរួម ឆានែល Telegram SVR News ដើម្បីទទួលបានព័ត៌មានរហ័សទាន់ចិត្ត!
👉 https://t.me/svrnewssociety

Post a Comment

0 Comments