ឈីងហៃ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមផ្សព្វផ្សាយអំពី «សក្ដានុពលទេសចរណ៍កម្ពុជា» ក្នុងវេទិកាអន្តរជាតិ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមថ្លែងសុន្ទរកថា និងធ្វើបទបង្ហាញក្នុងសន្និសីទ «កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍» ព្រមទាំងបានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wu Xiaojun លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តឈីងហៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

សកម្មភាពសំខាន់ៗក្នុងដំណើរបេសកកម្ម៖

  • ការចូលរួមកិច្ចសន្ទនាឡានឆាង-មេគង្គ៖ ថ្លែងសារអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation River-Source Dialogue) តំណាងឱ្យប្រតិភូកម្ពុជា។
  • ទស្សនកិច្ចសិក្សាស្រាវជ្រាវ៖ ចុះផ្លាស់ប្តូរបទពិសោធនៅគោលដៅទេសចរណ៍សំខាន់ៗ រួមមាន សារមន្ទីរវិនឆឹង (Yushu Museum), វិមានទន្លេបី Sanjiangyuan (ប្រភពទន្លេមេគង្គ) និងបឹងធម្មជាតិឈីងហៃ (Qinghai Lake)។